ចូល​បុណ្យ​ប៉ាក! ចូល​ឆ្នាំ​ថ្មី​​ខ្មែរ២៥៥៦!

វិលៗ មួយឆ្នាំបានកន្លងផុតទៅហើយ។ ខ្ញុំមិននឹកស្មានថាពេលវេលារត់យ៉ាងលឿនរបៀបនេះសោះ! ខ្ញុំសង្កេតឃើញថា៖ ខ្ញុំប្រើពេលកាន់តែច្រើនទៅៗលើអ៊ីនធឺណិត ជាពិសេស លើវិបសាយខ្មែរ។ ហេតុនេះហើយ ជីវិតខ្ញុំដូចជារស់នៅសង្គមពីរទន្ទឹងនឹងគ្នា៖ ខ្មែរនិងបារាំង។ ប្រហែលអញ្ចឹងហើយបានជាពេលវេលាឆ្លងទៅយ៉ាងរហាស់បែបនេះ ព្រោះដូចជារស់ពីរដង ដោយប្រើពេលតែម្ដង!
បើទោះបីជា ខ្ញុំមិនបានសរសេរអត្ថបទច្រើនដូចឆ្នាំទៅ ខ្ញុំក៏ឧស្សាហ៍ចូលមកលេងទីភូមិនេះដែរ។ មានអ្នកភូមិខ្លះបិតទ្វាចោល(ដូចខ្ញុំចឹង) មានអ្នកខ្លះដុតផ្ទះចោល(ហើយរត់ទៅនៅFacebook) តែដោយសំណាងនិងផលល្អ មានផ្ទះថ្មីៗកើតឡើងថែមទៀត ហើយមានម្ចាស់ផ្ទះក្នុងភូមិកសាងបង្កើតអត្ថបទយ៉ាងច្រើននិងសំខាន់ ដើម្បីចែករំលែកនិងបំភ្លឺគ្នា។ ម្យ៉ាងទៀត អ្នកភូមិជួយគ្នាដោយបញ្ចេញមតិដោយស្ថាបនា ចចែក ប្រកែកគ្នា រកការពិតនិងយុត្តិធម៌។ ខ្ញុំនៅឯនាយមានមោទនភាពលើកូនខ្មែរដែលខំព្យាយាមធ្វើរបៀបនេះ ដើម្បីបង្ហាញវត្តមានវប្បធម៌ខ្មែរលើអ៊ីនធឺណិត។ សម្រាប់ខ្ញុំ ការមកលេងនិងអានអត្ថបទសរសេរជាភាសាខ្មែរក៏ដូចជាការបៅដោះម្ដាយខ្ញុំដែលស្លាប់ទៅហើយ។ អក្សរពាក្យសព្ទខ្មែរក្លាយជាទឹកដោះចិញ្ចឹមអនុស្សាវរីយដ៏ឆ្ងាយមួយនៅក្នុងអារម្មណ៍ខ្ញុំ។
ឆ្នាំទៅ ខ្ញុំបានសរសេរ អត្ថបទលើបុណ្យប៉ាក
ឆ្នាំនេះ ខ្ញុំសូមជំរាបប្រាប់ថែមទៀតថា៖ ៤០ថ្ងៃបន្ទាប់ពីថ្ងៃបុណ្យប៉ាកគឺ ថ្ងៃបុណ្យAscensionដែលព្រះយេស៊ូឡើងទៅឋានព្រះអាទិទេព ហើយ១០ថ្ងៃថែមទៀតគឺ ថ្ងៃបុណ្យPentecôteនៃសាសនាជនជាតិជ្វីហ្វនិងគ្រិស្ត(remise des tables de la loi à Moïse ឬ descente de l’Esprit-Saint sur les apôtres)។
ម្សិលមិញ ថ្ងៃ​ប៉ាក​ មាន​ធ្លាក់ព្រិល​ផង​​ មាន​រស្មី​ព្រះ​អាទិត្យ​ផង មាន​ពពក​ផង ធាតុអាកាស​ត្រជាក់​ល្មម​ តែ​ទេសភាព​ដូចជា​ចំឡែក​ពិបាក​និយាយ។ ខាង​ក្រោម​នេះ​ជា​រូប​សត្វ​ចៀម ទន្សាយ…ដែល​ធ្វើ​ពី​សូកូឡា​​​៖
ប៉ាក​២០១២

ហើយ​ខាង​ក្រោម​នេះ​ជា​រូប​អនុស្សាវរីយ​ទៅ​លេងជិះ​ស្គី​ពីរ​បី​សបា្ដហ៍​មុន៖
ស្គី២០១២

ខ្ញុំ​សូម​ឆ្លៀត​ឱកាស​​​នេះ ដើម្បី​ជូន​ពរ ទៅ​ គ្រួសារ មិត្តភក្ដិ​ ​បង​ប្អូន​កូន​ខ្មែរ​ទាំង​អស់ អោយ​ទទួល​នូវ​សុភមង្គល​និង​សុខ​សន្តិភាព គ្រប់បែបគ្រប់យ៉ាង នៅ​ឆ្នាំ​២៥៥៦​នេះ!

បើ​មាន​ការ​ខុស​ឆ្គង​ សូម​អភ័យ​ទោស​អោយ​ជា​មុន​ផង។

ដោយ​នឹក​រលឹក ស្រឡាញ់​និង​គោរព ពី​បង​ហង្ស
​​​ ​​

សួស្ដីឆ្នាំថ្មី២០១២!

បង​ប្អូន​កូន​ខ្មែរ​ជា​ទី​នឹក​រលឹក ​ទី​ស្រឡាញ់​ និង​ជា​ទី​គោរព,

នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សាកល​ថ្មី​​២០១២​នេះ បង​សូម​ថ្លែង​ប្រាប់​ថា៖
បង​អត់​ភ្លេច​បង​ប្អូន​កូន​ខ្មែរ​ទាំង​អស់​ដែល​បង​ទុក​នៅ​ក្នុង​បេះដូង​​ដួង​ចិត្ត​ជា​អនុស្សាវរីយ៍​ជានិច្ច!

បង​សុំ​ទោស​ដែល​បង​អត់​បាន​អោយ​ដំណឹង​ដោយ​សារ​រវល់​ពេក។ តែ​កុំ​ភ្លេច​ថា បង​ក៏​នឹក​អ្នក​ទាំង​អស់​គ្នា​ដែរ!

ក្រៅ​ពី​ការ​រវល់ បង​និង​គ្រួសារ​សុខសប្បាយ​​ទាំង​អស់​គ្នា​ទេ។

សូម​បង​ប្អូន​កូន​ខ្មែរ​ទាំង​អស់ ទទួល​នូវ​សុភមង្គល​និង​សុខ​សន្តិភាព គ្រប់បែបគ្រប់យ៉ាង នៅ​ឆ្នាំ​២០១២​នេះ!

​សង្ឃឹម​ជួប​គ្នា​ផឹក​ទៀត​នៅ​ឆ្នាំ​២០១២​នេះ!ហិៗ!

ដោយ​នឹក​រលឹក ស្រឡាញ់​និង​គោរព ពី​បង​ហង្ស

ព័ត៌មាន

ថ្ងៃ​នេះ​សូម​ប្រកាស ព័ត៌មាន​មួយ​សម្រាប់​ក្រុម​ព័ត៌មានវិទ្យា​លើ​ភូមិ​WP៖

e19e87 e19ebd e19e94 e19e87 e19ebb e19f86 e19e82 e19f92
e19e93 e19eb6 e19e9b e19ebe e19e91 e19ebc e19e80 e19e90
e19f92 e19e84 e19f83 e19fa1 e19fa6 e19f94 e2808b

សុំ​ទោស​អ្នក​ភូមិ​ដែល​មិន​ចេះ​​ព័ត៌មានវិទ្យា​ ព្រោះ​គ្មាន​ការ​អី​សំខាន់​ទេ គ្រាន់​តែ​ធ្វើ​លេង​កំសាន្ត​តែ​ប៉ុណ្ណឹង។

ស្អី​ទៅ​​ព័ត៌មាន?

ខ្ញុំ​សូម​បើក​វចនានុក្រម​មើល៖

១- ព័ត៌មាន ( ន.នាមសព្ទ ) [ តាម​សំឡេង​អក្សរ​ថា ព័តតៈម៉ាន, តាម​ទម្លាប់​ថា ព័រដ៏មាន ] ( សំ. ក្ល.សំស្រ្កឹតក្លាយ )
(សំ. បា.) (វត៌មាន; វត្តមាន “កាល​ឬ​សម័យ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ”) ប្រព្រឹត្តិ​ការណ៍, ដំណឹង​ផ្សេង​ៗ​ក្នុង​បច្ចុប្បន្ន, បច្ចុប្បន្ន​កាល : គេ​បាន​ឲ្យ​ព័ត៌មាន​មក​ថា…; ស្ដាប់​ព័ត៌មាន​ប្រចាំ​ថ្ងៃ​នៃ​វិទ្យុ​ជាតិ ។
- សារ​ព័ត៌មាន (សារ៉ៈព័រដ៏មាន) ព័ត៌មាន​មាន​សារៈ គឺ​កាសែត​ដែល​ប្រាប់​ដំណឹង​គួរ​អាន​គួរ​ដឹង ។
២- ព័ត៌មាន​កាល ( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
កាល​បច្ចុប្បន្ន​ដែល​កំពុង​មាន, ឬ​កំពុង​ប្រព្រឹត្ត​ទៅ ។

សំស្រ្កឹតក្លាយ!
ព័ត៌មាន គឺ អ្វីៗ​ដែល កំពុង​មាន ក្លាយ ប្រែ ទៅ អ្វីៗ​ទៀត!

អញ្ចឹង​ សូម​អ្នក​ភូមិ ប្រែ​ពី​តំណាង​មួយ​ទៅ​តំណាង​មួយ​ទៀត អោយ​ក្លាយ​រហូត​ដល់​តំណាង​លើ​ផ្ទាំង​អេក្រង់​​ តាម​ភ្នែក​អ្នក បន្ទាប់មក​នៅ​ក្នុង​ខួ​អ្នក​ដែល​មាន​ន័យ​សម្រាប់​អ្នក! ហេហេហេ! ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​ប្រតិបត្តិ​កា​រ​ព័ត៌មាន!

រៀន​​ព័ត៌មានវិទ្យា គឺ រៀន​អំពី​តំណាង​និង​​ប្រតិបត្តិ​កា​រ​ព័ត៌មាន។

នៅ​ក្នុង​សតិ​កុំព្យូទ័រ (ថាស ram ខ្សែ ធាតុអាកាស… every support in general) គេ​ធ្វើ​តំណាង​ព័ត៌មាន​​ដោយ​ប្រើ​អក្សរ​ដែល​ស្រួល​ជាង​គេ​គឺ ០​ និង ១ ។ ហេហេហេ!

ដើម្បី​កុំ​អោយ​វែង​ពេក​ខ្ញុំ​យក​តំណាង​ដោយ​ប្រើ​​គោល​១៦ រួច​ប្រើ​ utf-8​។

សូម​អរគុណ
ដោយ​សេចក្តី​គោរព​រាប់​អាន

សេចក្តី​​ស្រលាញ់និងសប្បរស

នៅ​ស្រុក​បារាំង ខែ​មិថុនា​គឺ​ខែ​ដែល​កូន​សិស្ស​ខំរៀន​និង​ប្រឡង។
ឥឡូវ​ ពូក​វា​លែង​មាន​បញ្ហា​ហើយ ព្រោះ​ពី​ដើម​ខែ​កក្កដា​រហូត​ដល់​ដើម​ខែ​កញ្ញា​ ​ពូក​គាត់​ចូល​វិស្សមកាល​ធំ។
ពេល​នេះ​គឺ​ត្រូវ​រដូវ​ក្ដៅ មេឃ​ស្អាត​ ព្រះ​អាទិត្យ​ល្អ … សម្រាប់​ដើរ​លេង​ កំសាន្ត​ ជា​ពិសេស​ហាល​ខ្លួន​អោយ​បាន​ពណ៌​ទង់ដែង!
ចំណែក​ឯ​ខ្ញុំ​វិញ​រវល់​ធ្វើការ ហើយ​មាន​ពេល​ដើរលេង​ក្នុង​ភូមិ និង​ ក្នុង​បណ្ដាញ​សង្គម​ខ្មែរ…​រក​ពេល​ចូល​ផ្ទះ​មិន​បាន។
តែ​ភូមិ​នេះ​ មាន​សន្តិសុខ​ណាស់​ ផ្ទះ​បើក​ទ្វារ​ចំហ​រៀងរាល់​ថ្ងៃ​មិន​ដែល​មាន​បញ្ហា​ ចោរ​មក​លួច ឬ ឆេះ​ផ្ទះ​អី​ទេ។
ដូច​ជា​មាន​​​អ្នក​ភូមិ​ជួយ​ការ​ពារ​គ្នា។​​ ហេហេហេ!

ថ្ងៃ​នេះ​មុន​នឹង​ទៅ​ដើរ​លេង​វិស្សមកាល ខ្ញុំ​ឆ្លៀត​ពេល​សរសេរ​អត្ថបទ​នេះ​ចែក​គ្នា​អាន។
ដ្បិត​រដូវ​ក្តៅ​គឺ​ជា​រដូវ​ដែល​នៅ​ស្រុក​បារាំង គេ​រៀបការ​អាពាហ៍ពិពាហ៍។ ម្យ៉ាង​ទៀត​ ខ្ញុំ​ដឹង​ថា​ភាគ​ច្រើន​អ្នក​ភូមិ​នៅ​ទំនេរ​លីវ។
នៅ​ស្រុក​បារាំង តាម​ខ្ញុំ​សង្កេត​ដឹង ស្ទើរ​ទាំងអស់ កូន​បារាំង​ស្គាល់​គ្នា ធ្វើ​សង្សារ ពេល​នៅ​រៀន​ជា​មួយ​គ្នា។
បើ​គេ​ចង់​រួមគ្នា​ធ្វើ​គ្រួសារ គេ​ត្រូវ​ទៅ​រៀប​ការ​គ្នា​​នៅ​សាលា​ភូមិ​ខាង​ស្រី ដោយ​ចៅហ្វាយ​ភូមិ​ជា​មេ​អាន​អត្ថបទ​ច្បាប់​អំពី​ករណីយកិច្ច​របស់​ប្ដី​ប្រពន្ធ។
ហើយ​ភាគ​ច្រើន គូរ​ទាំង​ពីរ​អ្នក​នាំ​គ្នា​ទៅ​ការ​នៅ​វិហារ​កាតូលិក។ ការ​ម្ដង​នេះ​គឺ​ការ​ក្រោម​ព្រះ​អាទិទេព។
សឹង​រល់​​ពេល​ គេ​អាន​អត្ថបទ​រំលឹក​ន័យ​របស់​សេចក្តី​​ស្រលាញ់​៖
ទោះ​មាន​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ បើ​គ្មាន​សេចក្តី​​ស្រលាញ់​និង​សប្បុរស​ គឺ គ្មាន​ន័យ​និង​គ្មាន​ប្រយោជន៍​សោះ!
អ្នក​មាន​​សេចក្តី​ស្រលាញ់​និង​សប្បុរស​ តែងតែ​ចេះ​ទ្រាំ​តស៊ូ​អាណិត មិន​ចេះ​ច្រណែន​ចង់បាន មិន​ចេះ​អូត ប្រព្រឹត្ត​​ដោយ​សមរម្យ
មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​ឆាប់​ខឹង​ និង មិន​ប្រកាន់។ ពួក​គេ​មិន​សប្បាយ​ចិត្តនឹង​ទុច្ចរិត ប៉ុន្តែ​រីករាយ​ជួប​ការ​ស្មោះត្រង់ ការ​ពិត។
ពួកគេ​តស៊ូ​គ្រប់​កាលៈទេសៈ​ទាំង​អស់ មាន​ជំនឿ​​ មាន​សង្ឃឹម និង ការ​ទ្រាំទ្រ​ទាំង​អស់។

Saint Paul 1 Corinthiens 13

Love is patient, love is kind. It is not jealous, (love) is not pompous, it is not inflated,
it is not rude, it does not seek its own interests, it is not quick-tempered, it does not brood over injury,
it does not rejoice over wrongdoing but rejoices with the truth.
It bears all things, believes all things, hopes all things, endures all things.
Love never fails.

La charité est patiente, elle est bonne; la charité n’est pas envieuse, la charité n’est point inconsidérée, elle ne s’enfle point d’orgueil;
elle ne fait rien d’inconvenant, elle ne cherche point son intérêt, elle ne s’irrite point, elle ne tient pas compte du mal;
elle ne prend pas plaisir à l’injustice, mais elle se réjouit de la vérité;
elle excuse tout, elle croit tout, elle espère tout, elle supporte tout.
La charité ne passera jamais.

សេចក្តី​​ស្រលាញ់​និង​សប្បុរស​មិន​រលត់​ទេ​

សូម​អរគុណ
ដោយ​សេចក្តី​គោរព​រាប់​អាន

​​​​​​​ ​​​

ស្ហាឡេ​ផ្ទះឈើ

ថ្ងៃ​នេះ​ ខ្ញុំ​សូម​ចែក​រូប​ផ្ទះ​ឈើ​​សាធារណ​: ហៅ ស្ហាឡេ។

ពេល​ដើរ​​លើ​ភ្នំ Les Vosges យើង​អាច​ឈប់​សំរាក​ក្នុង​ស្ហាឡេ​ដែល​គេ​បាន​ធ្វើ​យ៉ាង​ច្រើន​សម្រាប់​អ្នក​ដើរ​លេង​។
នៅ​ក្នុង​ស្ហាឡេ មាន តុ ជើងម៉ា កៅអី​អង្គុយ ជើង​ក្រាន​ដុត​ភ្លើង ឈើ​អុស… ខ្វះ​តែ​ចំណី​អាហារ​ដែល​យើង​យក​ទៅ​តាម​ខ្លួន។
ដោយ​សារ​ទេសភាព​និង​ធាតុ​អាកាស​ល្អ យើង​អាច​ជួប​ជុំ​ញ៉ាំ​បាយ​យ៉ាង​សប្បាយ។

អ្នក​ដើរលេង​ដែល​ប្រើ​ស្ហាឡេ​ព្យាយាម​ថែ​ទាំ ផ្ទះ​ឈើ​​សាធារណ​: ដើម្បី​ទាំង​អស់​គ្នា។

Chalet de Forgoutte
ខាងក្រៅ៖
ស្ហាឡេ​ផ្ទះឈើ
ស្ហាឡេ​ផ្ទះឈើ
ខាង​ក្នុង៖
ស្ហាឡេ​ផ្ទះឈើ
ស្ហាឡេ​ផ្ទះឈើ

ផ្កាលីឡានិង​ពីវាន់

នៅ​រដូវ​ផ្កា​នេះ ក្នុង​សួនច្បារ​ខ្ញុំ ផ្កា​ដុះ​ចេញ​លឿន​ណាស់​ឆ្នាំ​នេះ។
រក​តែ​ពេល​ថត​ មិន​ចង់​ទាន់!
សូម​ចែក​អ្នក​ភូមិ​ ផ្កា​លីឡានិង​ពីវាន់មើល តែ​អត់​អាច​ចែក​ខ្លិន​វា​ទេ។​

Lilas

Pivoine

ម្តាយឪពុក​ខ្មែរ​កូន​បារាំង

ថ្ងៃនេះ​ខ្ញុំ​បាន​អាន​អត្ថបទ​ខាង​ក្រោម​នេះ និយាយ​អំពី​រឿង​ចម្លែក​អស្ចារ្យ​មួយ។
សូម​អ្នក​ភូមិ​​ជួយ​បំភ្លឺ​ខ្ញុំ​ផង។ តើ​គូរ​អោយ​ជឿ​រឿង​នេះ​​ឬ​ទេ? សូម​អរគុណ។

ខ្មែរ​កូន​បារាំង

ភ្នំពេញ:
អ្នកស្រី​ជា​ម្តាយ​អាយុ ៣០​ឆ្នាំ បាន​ជឿថា​កូន​របស់គាត់​ចំនួន​៣​នាក់​ក្នុងនោះ​មាន​២​នាក់​មាន​សម្បុរ សស្គុះ​ដូច​បារាំង ហើយ​អ្នកស្រុក​ហៅថា​ភឿ​ក​នោះ គឺ​កូន​នេះ​ត្រូ​វបាន​បារាំង​ពីរ​អ្នក​ប្តី​ប្រពន្ធ​បើក​យន្តហោះ​បុក​ភ្នំ​ ធ្លាក់ ហើយ​ចាប់ជាតិ​ជាមួយ​គាត់​តាមរយៈ​ការ​យល់​ស​ប្តិ​។

​    ​អ្នកស្រី​ព្រំ ទាវ រស់នៅ​ភូមិ​បឹង​ឥដ្ឋ ឃុំ​អង្គររាជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង រៀបការ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ និង​បាន​បង្កើតកូន​ចំនួន ៣ (​ប្រុស​១) តែ​ចម្លែក​កូន​ទី​២​និង​ទី​បី​មាន​សម្បុរ​ដូច​បារាំង ។

អ្នកស្រី​ ព្រំ ទាវ បាន​រៀបរាប់​ពី​ដំណើររឿង​កូន​ទី​២​ថា មុនពេល​កូន​ចម្លែក​នេះ​មក​ចាប់កំណើត គឺ​នៅ​យប់​ថ្ងៃមួយ ប្តី​ខ្ញុំ​បាន​យល់សប្តិ​ឃើញ​បុរស​ជនជាតិ​អឺរ៉ុប​ម្នាក់​មាន​សម្បុរ​ ស រោម​ស សក់ស និង​មាន​រូបរាង​សង្ហា​បានមក​លុតជង្គង់​អង្វរ​សុំ​ប្តី​របស់ខ្ញុំ​ ស្នាក់អាស្រ័យ​នៅ​ជាមួយ ។ ភ្លាមៗ​នោះ​ប្តី​របស់ខ្ញុំ​ក៏​ប្រកែក​មិន​ព្រម​ឲ្យ​បុរស​នោះ​រស់​នៅឡើយ ដោយ​លើក​ហេតុផល​ថា យើង​ជា​អ្នកស្រែ​ចម្ការ​មិនមាន​លទ្ធភាព​រកចំណីអាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ សម្រាប់​គេ​ឡើយ ។ ក៏ប៉ុន្តែ​បុរស​ស្បែក ស នោះបាន​តប​មកវិញ​ថា ឲ្យ​តែ​ពុក​ម៉ែឲ្យ​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ​មិន​ឲ្យ​រំខាន​ដល់​ពុក​ម៉ែឡើយ​។ ប្តី​ខ្ញុំ​បាន​សួរ​ទៀតថា ចុះ​ឯង​មកពីណា​? បុរស​ស្បែ​កស​នោះបាន​និយាយថា ខ្ញុំ​ជា​ជនជាតិ​បារាំង​បាន​ជិះ​យន្តហោះ​មកពី​ប្រទេស​អ៊ីរ៉ាក់​ក៏ត្រូវ​ ជួបនឹង​គ្រោះថ្នាក់​យន្តហោះ​បើក​បុក​ភ្នំ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​ប្តី​ ប្រពន្ធ ។ លុះ​ក្រោយមក​ក៏ត្រូវ​យមបាល​ចាប់​យកទៅ​ឋាននរក ប៉ុន្តែ​យមរាជ​ប្រាប់ថា ពួក​ខ្ញុំ​ទាំងពីរ​នាក់​គ្មាន​បាបកម្ម​អ្វី​ទេ ទើប​គេ​លែង​ឲ្យ​វិលត្រឡប់មក​ឋានមនុស្ស​វិញ ។ ក៏ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​វង្វេង​បាត់​ប្រពន្ធ​នៅលើ​កំពូលភ្នំ​ដ៏​ធំ​មួយ​នៅ​ ស្រុក​ខ្មែរ​យើង​នេះ ។ ដោយសារតែ​បុរស​ស្បែក ស នោះ​អង្វរក​ខ្លាំងពេក ទើប​ប្តី​របស់ខ្ញុំ​នៅ​ស្ងៀម ។ ក្រោយ​ភ្ញាក់​ពី​ដំណេក គាត់​ក៏​ប្រាប់​ខ្ញុំ និង បងប្អូន ប៉ុន្តែ​ខ្ញុំ និង​ពួកគាត់​ហាក់បីដូចជា​មិន​ជឿ​ឡើយ ពីព្រោះ​យល់ឃើញថា មនុស្សដេក​កាលណា​មាន​អារម្មណ៍​ថា មិនល្អ​តែងតែ​យល់សប្តិ​អីចឹង​ហើយ ។

​អ្នកស្រី ទាវ បន្តថា ពេលវេលា​បាន​កន្លងផុត មិនបាន​ប្រហែល​មួយអាទិត្យ​ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​ផ្ទៃពោះ ។ ចំណែកឯ​ម្តាយបង្កើត​របស់ខ្ញុំ​ក៏​គាត់​មិន​ចាប់អារម្មណ៍​យល់សប្តិនេះឡើយ ។ លុះ​ពេលគម្រប់​ខែ​ស្រាប់តែ​កូន​នោះ​កើតមក​មាន​រាង​ដូច​តុ​ក្ត​តា​បារាំង​ អីចឹង ទើប​បងប្អូន​ទាំងអស់​ជឿថា ប្តី​ខ្ញុំ​យល់សប្តិ​ឆុត​មែន ។ អ្នកភូមិ​ខ្លះ​ថា កូនង៉ែត​នេះ​ដូច​បារាំង ឯ​ខ្លះ​ទៀតថា មនុស្សភឿ​ក​​បានជា​សស្គុះ​។ ​គាត់​បាន​ស្រលាញ់​និង​ចិញ្ចឹម​ថ្នាក់ថ្នម ហើយ​ដាក់ឈ្មោះ​អា​បារាំង ។

​នៅពេល​អា​បារាំង​មាន​អាយុ​៣​ឆ្នាំ​បាន​និយាយថា កាលពី​ជាតិ​មុន​វា​ឈ្មោះ ស្លែ​ស ជា​ជនជាតិ​បារាំង​រស់នៅក្នុង​ទីក្រុង​ប៉ារីស ប៉ុន្តែ​អកុសល​ជួប​គ្រោះថ្នាក់​ពេល​ជិះ​យន្តហោះ​មកលេង​ស្រុក​ខ្មែរ ។

​លុះ​មិនយូរប៉ុន្មាន​អ្នកស្រី ព្រំ ទាវ មាន​ទម្ងន់​កូនស្រី​ទី​៣ ។ ស្រាប់តែ​ខ្ញុំ​យល់សប្តិ​ឃើញ​ស្ត្រីបារាំង​ម្នាក់​ដើរ​មកជួប​ខ្ញុំ​កំពុងតែ​ កាប់​អុស ហើយ​ស្ត្រី​បារាំង​រូបនោះ​បាន​អង្វរ​ខ្ញុំ​នៅ​ជាមួយ ។ ព្រលឹងរបស់គាត់​ពេលនោះ​ក៏​ឆ្លើយតប​ទៅ​ស្ត្រី​បារាំង​នោះ​ថា ខ្ញុំ​មិន​ឲ្យ​អ្នកឯង​នៅទេ ពីព្រោះ​សាសន៍​នាង​ឯង​ហូប​តែ​នំប៉័ង ដូច្នេះ​ខ្ញុំ​មិន​អាចមាន​លទ្ធិភាព​ចិញ្ចឹម​នោះឡើយ ស្រាប់តែ​ស្ត្រី​បារាំង​នោះ​ទ្រហោយំ​ដោយ​ឆ្លើយថាមិន​អី​ទេឲ្យ​តែ​អ្នក​មីង​ ឲ្យ​ខ្ញុំ​នៅ​អ្វី​ក៏​ខ្ញុំ​អាច​ហូប​បានដែរ ។ ខ្ញុំ​ឈប់​ហា​ស្តី​ហើយ​ក៏បាន​ដើរមក​ផ្ទះ​វិញ​។ ចំណែកឯ​នាង​បារាំង​នោះ​ក៏​ចេះតែ​ដើរមក​តាម​ពីក្រោយ​រហូតដល់​ផ្ទះ ។ ស្រាប់តែ​ខ្ញុំ​ភ្ញាក់​ដឹងខ្លួន​ឡើង​ប្រាប់​ប្តី និង​បងប្អូនរបស់ខ្ញុំ​អំពី​សុបិន​ឃើញ​ស្ត្រី​បារាំង​នោះ ។

​អ្នកស្រី​បន្តថា លុះ​ពេល​គម្រប់​ខែ​ស្រាប់តែ​កូនស្រី​នេះ កើតមក​មាន​រូបរាង​សស្គុះ​ដូចជា​កូន​បារាំង​បេះបិទ ។ នៅពេល​កូនស្រី​មាន​អាយុ​៣​ឆ្នាំ​នាង​ចេះ​និយាយ​តិចៗ​ថា ខ្ញុំ​ជា​ជនជាតិ​បារាំង​ឈ្មោះ​ដាវី​ត ។ ចំណែកឯ​បងប្រុស​នេះ​ពី​ជាតិ​មុន គឺជា​ប្តី​របស់​នាង ។

​    ​អ្នកស្រី វ៉ា​ន់ទី អាយុ​៥៣​ឆ្នាំ ត្រូវជា​ជីដូន​របស់​កូន​បារាំង​ទាំងពីរ​នេះ​បាន​និយាយថា ចៅ​របស់ខ្ញុំ​ទាំងពីរ​នេះ គឺមាន​ចរិត​ខុសប្លែក​ពី​ក្មេងៗ​ដទៃទៀត ដោយសារ​ពួកគេ​ចូលចិត្ត​ស្អាតបាត ទាំង​ខោអាវ​ក៏ដូចជា​គ្រឿង​តុបតែង​ខ្លួនប្រាណ​ដទៃទៀត ។ រីឯ​អាហារ​វិញ គឺ​ចូលចិត្ត​តែ​សាច់ និង​បន្លែ បើ​ផ្អក ប្រហុក មិន​ប៉ះ​ទេ។

ប្រភព៖​ ម្តាយឪពុក​ខ្មែរ​កូន​បារាំង